សមត្ថកិច្ចស៊ើបហ្វេសប៊ុក ប្រមាថសម្តេច សីហនុ
ប្រភពពី: ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ បន្ទាប់ពីមានប្រតិកម្មជាច្រើនក្រុមជំនាញពីក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវស៊ើបអង្កេតលើទំព័រហ្វេសប៊ុកមួយដែលប្រើឈ្មោះសមាគមវៀតណាមនៅកម្ពុជាដែលបានធ្វើការប្រមាថយ៉ាងធ្ងន់ធ្ងរ មកលើអតីតព្រះមហាក្សត្រ នរោត្តម សីហនុ និងព្រះករុណាព្រះមហាក្សត្រនរោត្តម សីហមុនី ព្រមទាំងបានព្រមានចាប់ដាក់គុកចំពោះប្រជាពលរដ្ឋខ្មែរណាដែលហៅជនជាតិវៀតណាមថា «យួន»។
ទំព័រហ្វេសប៊ុកដែលគេមិនដឹងថាពិត ឬក្លែងក្លាយមួយឈ្មោះថា «សមាគមវៀតណាមនៅកម្ពុជា» កាលពីពេលថ្មីៗនេះបានបង្ហោះសារដោយប្រមាថអតីតព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហនុ ក៏ដូចជាព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុនី។
កាលពីថ្ងៃទី ១៨ ខែ មករាកន្លងទៅទំព័រហ្វេសប៊ុកនេះបានបង្ហោះវីដេអូឃ្លីបមួយរបស់អតីតព្រះមហាក្សត្រដែលព្រះអង្គបានមានបន្ទូលអំពីកោះ ត្រល់ និងការប្រជុំជាមួយមន្ត្រីកម្ពុជាសំខាន់ៗ។ អមជាមួយវីដេអូនេះ ទំព័រនេះ បានហៅអតីតព្រះមហាក្សត្រដោយប្រើពាក្យអសុរោះដូចជា «ខ្មោចអា…» «វា…» និងថាជា «អាស្តេចចោលម្សៀត» ជាដើម។
បន្ទាប់មកទៀតនៅថ្ងៃទី ៨ ខែមីនា ហ្វេសប៊ុកដដែលបានគំរាមមិនឲ្យហៅវៀតណាមថា «យួន» ហើយថា បើអ្នកណាហៅនឹងត្រូវចាប់ដាក់គុកហើយចំពោះគណបក្សនយោបាយណាដែលល្មើសត្រូវរំលាយចោល។
ជាមួយគ្នានេះទំព័រនេះបានសរសេរថា៖ «ក្នុងនាមជាមាតាបិតាទីពីររបស់ខ្មែរវៀតណាមគ្មានបំណងអ្វីក្រៅពីចង់ឃើញខ្មែររស់នៅបានសុខ និងរក្សានូវកេរមរតករបស់វៀតណាម (៧ មករា) ដែលជាមាតាបិតាទីពីររបស់ជាតិខ្មែរទាំងមូលឲ្យនៅស្ថិតស្ថេរគង់វង្សជាអមតៈ…»។
យោងតាមប្រវត្តិនៅលើហ្វេសប៊ុកទំព័រនេះត្រូវបានបង្កើតឡើងនៅចុងខែធ្នូ ឆ្នាំ ២០១៤ នៅពេលដែលនាយករដ្ឋមន្ត្រីវៀតណាមលោក Truong Tan Sang មកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា។
ទំព័រនេះបានកូពីព័ត៌មានពីកាសែតភ្នំពេញប៉ុស្តិ៍ជាភាសាអង់គ្លេសដើម្បីដាក់ក្នុងប្រវត្តិរបស់ខ្លួនអំពីដំណើរការបង្កើត និងពង្រីកសមាគមវៀតណាមនៅកម្ពុជា។ ក្រៅពីព័ត៌មានអំពីទំនាក់ទំនងវៀតណាម និងកម្ពុជា ទំព័រនេះក៏តែងផុសគាំទ្រលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជាផងដែរ។
ក្រោយពេលទំព័រនេះបានផុសរឿងប្រមាថអតីតព្រះមហាក្សត្រ និងរឿងចម្រូងចម្រាសផ្សេងៗជាបន្តបន្ទាប់មកគេពុំឃើញមានស្ថាប័នមានសមត្ថកិច្ចណាមួយរបស់រដ្ឋាភិបាលបានបញ្ចេញប្រតិកម្ម ឬមានវិធានការផ្លូវច្បាប់ណាមួយនោះទេ។ ប៉ុន្តែមានទំព័រហ្វេសប៊ុកមួយដែលដាក់រូបព្រះមហាក្សត្រនរោត្តម សីហមុនី ឈ្មោះថា Royal Du Cambodge បានប្រតិកម្មថ្កោលទោស និងស្នើឲ្យរដ្ឋាភិបាលចាត់វិធានការបន្ទាន់ទៅលើទំព័រហ្វេសប៊ុកនេះ។
ទោះយ៉ាងណា មន្ត្រីខុទ្ទកាល័យព្រះបរមរាជវាំងបានថ្លែងកាលពីម្សិលមិញថាព្រះមហាក្សត្រមិនមានហ្វេសប៊ុកផ្លូវការទេហើយលោកកំពុងសិក្សាលើសារប្រមាថទាំងនេះ។
លោក អ៊ុំ ដារ៉ាវុធ មន្ត្រីខុទ្ទកាល័យព្រះបរមរាជវាំងថែ្លងថា៖ «ហ្វេសប៊ុកព្រះមហាក្សត្រអត់ដែលមានទេ។ ព្រះករុណាអត់មានហ្វេសប៊ុកទាំងអស់។ ខ្ញុំឆែកអស់ហើយមានបួនក្នុងហ្វេសប៊ុកហ្នឹង ព្រះមហាក្សត្រនរោត្តម សីហមុនី អីហ្នឹងតែអត់ដែលមានទេ។ នៅក្នុងហ្វេសប៊ុកវាមានអា fake ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនត្រឹមត្រូវវាច្រើនណាស់។ បើសិនរឿងហ្នឹងវាពិត ខ្ញុំហ្នឹងប្តឹងទៅរដ្ឋាភិបាលខ្ញុំបានប្រជុំជាមួយឯកឧត្តម ខៀវ កាញារីទ្ធមិញហ្នឹង។ ចាំខ្ញុំឆែកសិនថាពិត ឬមិនពិត»។
នៅពេលទាក់ទងកាលពីម្សិលមិញលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងថាសមត្ថកិច្ចកំពុងស្រាវជ្រាវលើហ្វេសប៊ុក «សមាគមវៀតណាមនៅកម្ពុជា» នេះហើយ។ លោកថ្លែងយ៉ាងខ្លីថា៖ «ខាងជំនាញគេកំពុងតាមដាន»។
លោក ឈឹម កាន ប្រធាននាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយនៃក្រសួងមហាផ្ទៃបានថ្លែងថាលោកមិនអាចបញ្ជាក់ថាតើនេះជាហ្វេសប៊ុករបស់សមាគមវៀតណាមពិតប្រាកដ ឬក្លែងក្លាយនោះទេដោយសារមិនមានអាសយដ្ឋានច្បាស់លាស់។ លោកបន្ថែមថានៅកម្ពុជាមានសមាគមវៀតណាមជាច្រើន។
សមាគមវៀតណាមចំនួន ២ កាលពីម្សិលមិញបានបដិសេធថាពួកគេមិនបានដឹងពីទំព័រហ្វេសប៊ុកដែលបានប្រមាថព្រះមហាក្សត្រខ្មែរនេះទេ។
អនុប្រធានគណបក្សសង្គ្រោះជាតិលោក អេង ឆៃអ៊ាង ក៏បានស្នើឲ្យរដ្ឋាភិបាលចាត់វិធានការលើទំព័រនេះផងដែរ។
លោកបានសរសេរនៅលើហ្វេសប៊ុករបស់លោកដោយបានចំអកដាក់គណបក្សកាន់អំណាចថា៖ «ពាក្យស្លោក ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ គណបក្សប្រជាជនកម្ពុជាព្រមានប្តឹង បើគណបក្សសង្គ្រោះជាតិមិនផ្លាស់ប្តូរ។ ឯទំព័របណ្តាញសង្គម (facebook page) មួយនេះបានប្រមាថអតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ និងព្រះមហាក្សត្រនៅលើអត្ថបទមួយចំនួនតែមិនឃើញគណបក្សកាន់អំណាច ឬ អាជ្ញាធរមានសមត្ថកិច្ចចាប់អារម្មណ៍ ឬចាត់វិធានការឡើយ។ តើមូលហេតុអី?»៕
Post a Comment